ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

            រាជរដ្ឋាភិបាល

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

 

សេចក្តីប្រកាសព័ត៌មាន

 

       នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅវិមានរដ្ឋាភិបាល (ទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា) គណៈកម្មាធិការនីតិសម្បទានិងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) ដោយសហការ យ៉ាង ជិតស្និទ្ធជាមួយស្ថានទូតជប៉ុនប្រចាំកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានរៀបចំកិច្ចប្រជុំ ពិគ្រោះយោបល់ កម្រិតនយោបាយ ស្ដីពីហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន (ODA Policy Dialogue) ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្ដម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គ.ជ.នា/ក.អ.ក។ ភាគីមិត្តដឹកនាំដោយ ឯកឧត្ដម Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អមដោយគណៈប្រតិភូមកពីទីស្នាក់ការកណ្ដាល ដែលរួមមាន តំណាងក្រសួងការបរទេស, តំណាងក្រសួងហិរញ្ញវត្ថុ, តំណាងក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន ព្រមទាំង មន្រ្តីស្ថានទូតជប៉ុននិងទីភ្នាក់ងារ JICA ប្រចាំកម្ពុជា។ រីឯភាគីកម្ពុជា រួមមាន ឯកឧត្ដម លោកជំទាវ និងមន្ត្រីជំនាញតំណាងឱ្យក្រសួងនិងស្ថាប័នចំនួន ៣២ របស់រាជរដ្ឋាភិបាល សរុបមានអ្នកចូលរួមប្រមាណ ១០០ រូប។ គោលដៅចម្បងនៃកិច្ចប្រជុំពិគ្រោះយោបល់នេះ គឺ៖

  • ពិនិត្យមើលស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងបរិយាកាសវិនិយោគនៅកម្ពុជា
  • ពិនិត្យមើលនិន្នាការនៃការបើកផ្ដល់ហិរញ្ញប្បទាននៅកម្ពុជា
  • ពិភាក្សាលើគោលនយោបាយផ្ដល់ហិរញ្ញប្បទានរបស់ជប៉ុន និងគម្រោងសម្រាប់អនុវត្តក្នុងឆ្នាំ២០១៨
  • ពិនិត្យវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងការអនុវត្តគម្រោងកន្លងមក។

       បន្ទាប់ពីសុន្ទរកថាស្វាគមន៍របស់ ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ ឈៀង យ៉ាណារ៉ា និងសន្ទរកថាបើករបស់ ឯកឧត្ដមឯកអគ្គរាជទូត Hidehisa HORINOUCHI ភាគីកម្ពុជាបានលើកបង្ហាញពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា, វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយស្ដីពីភាពជាដៃគូរវាងរដ្ឋនិង ឯកជន, និន្នាការនៃហិរញ្ញប្បទានសហប្រតិបត្តិការនៅកម្ពុជា, ការអភិវឌ្ឍវិស័យឯកជន និងវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យ ឧស្សាហកម្មកម្ពុជា។ ចំណែកភាគីមិត្តបានលើកបង្ហាញពីគោលនយោបាយផ្ដល់ហិរញ្ញប្បទានរបស់ជប៉ុន និងគម្រោងអាទិភាពសម្រាប់ឆ្នាំ២០១៨។ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើវឌ្ឍនភាព ក៏ដូចជាបញ្ហាប្រឈមក្នុងការអនុវត្តគម្រោងសហប្រតិបត្តិការកន្លងមក ក្នុងន័យបន្ត ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តគម្រោងនាពេលអនាគត។ ភាគីទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការអនុវត្តគោល នយោបាយស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ (Development Cooperation Policy) ដោយផ្ដោតលើអាទិភាព ៣ គឺ៖ ការគាំទ្រការអភិវឌ្ ឍវិស័យឧស្សាហកម្ម, ការលើកកម្ពស់គុណភាពនៃការរស់នៅរបស់ប្រជាជន និងការគាំទ្រដល់ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព ដែលអាទិភាព ទាំងបីនេះបានតម្រឹមយ៉ាងល្អដើម្បីឆ្លើយតបនឹងតម្រូវការ និងទិសដៅអាទិភាពរបស់រាជរដ្ឋាភិបាល។

       សូមបញ្ជាក់ថា ជប៉ុនគឺជាដៃគូអភិវឌ្ឍន៍សំខាន់ដែលបានរួមចំណែកដ៏ថ្លៃថ្លាដល់ដំណើរការស្វែងរក និងរក្សាសន្តិភាពនៅកម្ពុជា និងបានផ្ដល់ ហិរញ្ញប្បទានជាច្រើនសម្រាប់ការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា។ គិតត្រឹមឆ្នាំ២០១៧ ភាគីមិត្តបានបើកផ្ដល់ហិរញ្ញប្បទានសរុបប្រមាណ ២.៨៤០ លានដុល្លារអាមេរិក។ សម្រាប់ឆ្នាំ២០១៨ រដ្ឋាភិបាលជប៉ុនគ្រោងផ្ដល់ហិរញ្ញប្បទានប្រមាណ ១៦៨ លានដុល្លារអាមេរិក ដើម្បីបន្ត អនុវត្តគម្រោងអាទិភាពជាច្រើន ក្នុងន័យរួមចំណែកជាមួយរាជរដ្ឋាភិបាលធ្វើឱ្យសម្រេចបានវឌ្ឍនភាពក្នុងកិច្ចអភិវឌ្ឍន៍បន្ថែមទៀត។ ចំពោះការបើក ផ្ដល់ហិរញ្ញប្បទាននាពេលអនាគតនឹងមានការកើនឡើងជាបន្តបន្ទាប់ តាមរយៈការអនុវត្តគម្រោងអាទិភាពថ្មីៗ ដែលប្រមុខរដ្ឋាភិបាលទាំងពីរបាន ឯកភាពនាឱកាសដំណើរទស្សនកិច្ចការងារផ្លូវការរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅប្រទេសជប៉ុន នាខែសីហា ឆ្នាំ២០១៧ ដែលរួមមាន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូននិងចរាចរក្នុងក្រុង, គម្រោងធ្វើឱ្យប្រសើរប្រព័ន្ធភ័ស្តុភាកម្មនៅកម្ពុជា, និងការអភិវឌ្ឍធនធានមនុស្ស ដើម្បីបម្រើវិស័យឧស្សាហកម្ម។ ក្នុងឆ្នាំ២០១៧ រដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើឯកសារផ្ដល់ហិរញ្ញប្បទានមួយចំនួនរួចហើយ ដូចជា៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញការការពារទឹកជំនន់ក្នុងរាជធានីភ្នំពេញ ដំណាក់កាលទី៤, គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី, គម្រោងធ្វើឱ្យប្រសើរ ឡើងនៃមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង, គម្រោងអាហារូបករណ៍អភិវឌ្ឍធនធានមនុស្ស, គម្រោងពង្រឹងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពង់ធំ, គម្រោង ធ្វើឱ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ ៥ ភាគខាងជើង ជំហានទី២, គម្រោងសាងសង់ស្ពានបន្ទាន់នៅតំបន់រងគ្រោះដោយសារទឹកជំនន់ និងគម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង សរុបជាទឹកប្រាក់ប្រមាណ ៤៥២ លានដុល្លារអាមេរិក។ ក្រៅពីនេះ ភាគីជប៉ុនក៏កំពុងសិក្សាគម្រោងបង្កើតរថភ្លើងធុនស្រាលស័្វយប្រវត្តិលើអាកាសនៅរាជធានីភ្នំពេញ។ ក្នុងស្មារតីនេះ ការផ្ដល់ហិរញ្ញប្បទានរបស់ រដ្ឋាភិបាលជប៉ុននឹងជួយពន្លឿនការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ក៏ដូចជាគាំទ្រដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចគោលដៅ ក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ការបន្តផ្ដល់ហិរញ្ញប្បទានយ៉ាងសន្ធឹកសន្ធាប់នេះ ក៏បានបង្ហាញពីការប្ដេជ្ញារបស់ភាគី ទាំងពីរ ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ ស្របតាមការសម្រេចរបស់ប្រមុខរដ្ឋាភិបាលទាំងពីរ។  

       ក្នុងន័យនេះ រាជរដ្ឋាភិបាលបានវាយតម្លៃខ្ពស់ចំពោះមិត្តភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកម្ពុជា និងជប៉ុន ដោយផ្អែកលើ គោលការណ៍ភាពជាម្ចាស់ ភាពជាដៃគូ និងភាពជាអ្នកដឹកនាំរបស់រាជរដ្ឋាភិបាល ។ រាជរដ្ឋាភិបាលសូមសំដែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានបន្តផ្ដល់ហិរញ្ញប្បទានដ៏ថ្លៃថ្លាសម្រាប់គាំទ្រស្ទើគ្រប់វិស័យ ដែលបានរួមចំណែកដល់កិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។  

             រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ៨រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១
           
 ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៨