ជំនួបពិភាក្សាប្រចាំឆ្នាំ២០២៤ របស់សម្តេចធិបតី នាយករដ្ឋមន្ត្រី ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ
[ថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤]

(ភ្នំពេញ)

នារសៀលថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព ទីស្តីការគណៈរដ្ឋមន្ត្រី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិតបីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំជំនួបពិភាក្សាប្រចាំឆ្នាំ២០២៤ ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ ។ ជំនួបពិភាក្សានេះមានវត្តមានរបស់ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) និងការចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម/លោកជំទាវរដ្ឋមន្ត្រីក្រសួង ចំនួន ១២ រួមមាន៖ ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងផែនការ, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងសុខាភិបាល, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងទេសចរណ៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ រីឯភាគីមិត្តមាន ១៧​ ស្ថាប័ន ដឹកនាំដោយ ឯកឧត្តម ចូ សួរអ័រ ប្រធានសម្របសម្រួលនៃប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ។

ក្រោមគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដោយគិតចាប់ពីឆ្នាំ២០១៤មក, រាជរដ្ឋាភិបាលកម្ពុជាបានដឹកនាំ និងអនុវត្តជំនួបពិភាក្សាប្រចាំឆ្នាំជាមួយប្រព័ន្ធអង្គការសហប្រជាជាតិជាបន្តបន្ទាប់ ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសម្រាប់កិច្ចអភិវឌ្ឍន៍កម្ពុជា ។ សម្រាប់ឆ្នាំ២០២៤ ជំនួបពិភាក្សានេះជាព្រឹត្តិការណ៍ដំបូងសម្រាប់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្នុងការប្តេជ្ញាធ្វើដំណើររួមជាមួយប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងភ្នាក់ងារអង្គការសហប្រជាជាតិក្នុងតំបន់ ប្រកបដោយភាពស្វាហាប់ និងស៊ីចង្វាក់ ។ គោលដៅចម្បងនៃជំនួបពិភាក្សាប្រចាំឆ្នាំ២០២៤ គឺ ពិនិត្យរួមគ្នាក្នុងការកំំណត់បញ្ហាប្រឈមដែលអាចកើតឡើងជាយថាហេតុពីការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងអនុវត្តវិធានការគាំទ្រចាំបាច់ដើម្បីធានាការចាកចេញប្រកបដោយរលូន និងចីរភាព ។

ចំពោះមូលបទ និងប្រធានបទ ត្រូវបានជ្រើសរើស សម្រិតសម្រាំង ដោយគិតគូរដល់បរិការណ៍នៃការវិវត្ត និងចលនការសង្គម-សេដ្ឋកិច្ចកម្ពុជា, វិស័យអាទិភាពដែលមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១, ការងារអាទិភាពរបស់ប្រព័ន្ធអង្គការសហប្រជាជាតិដូចបានកំណត់ក្នុងក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកប ដោយចីរភាពសម្រាប់កម្ពុជា ឆ្នាំ២០២៤-២០២៨ ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសម្របសម្រួលរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ព្រមទាំងឧត្តមភាពប្រៀបធៀបរបស់ប្រព័ន្ធអង្គការសហប្រជាជាតិ ។ ជំនួបពិភាក្សាប្រឆ្នាំ២០២៤ បានដំណើរការក្រោមមូលបទ៖ “ពង្រីកសមត្ថភាពផលិតសំដៅឈានទៅការចាកចេញប្រកបដោយចីរភាពរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច” ដោយជ្រើសរើសប្រធានបទ ០២ គឺ ១) ជំរុញការអភិវឌ្ឍធនធានមនុស្សតាមរយៈការអប់រំ និង ២) ពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់យុវជន ។ ប្រធានបទទាំង ០២ នេះបានឆ្លើយតបមួយផ្នែកទៅនឹង “ការពង្រីកសមត្ថភាពផលិត” សំដៅលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង ហើយបានរំលេចឱ្យឃើញអំពីអាទិភាពដែលមានចែងក្នុងមុំទី ១ និងទី ២ ក្នុងបញ្ចកោណទី ១ សំដៅគាំទ្រអាទិភាពគន្លឹះទី ១ គឺ មនុស្ស ក្នុងចំណោមអាទិភាពទាំង ៥ (មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា) នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ព្រមទាំងអាទិភាពមួយក្នុងដំណើរចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច ។

ក្នុងជំនួបពិភាក្សានេះ ក្រសួងទទួលបន្ទុកបានធ្វើបទបង្ហាញអំពីវឌ្ឍនភាព បញ្ហាប្រឈម និងកិច្ចការដែលត្រូវអនុវត្តពាក់ព័ន្ធនឹងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច និងបទអន្តរាគមន៍តាមប្រធានបទនីមួយៗ សម្រាប់តំណាងអង្គការសហប្រជាជាតិតាមវិស័យបកស្រាយ ឆ្លើយតប និងបញ្ជាក់ការគាំទ្រជាយថាហេតុរបស់ខ្លួន ។ ជាកិច្ចបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ឈៀង យ៉ាណារ៉ា ថ្នាក់ដឹកនាំ និងមន្ត្រីនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្តួចផ្តើមគំនិត និងពិភាក្សាជាមួយភាគីពាក់ព័ន្ធ ទាំងខាងក្រសួង និងស្ថាប័ននៃរាជរដ្ឋាភិបាល ទាំងខាងប្រព័ន្ធអង្គការសហ- ប្រជាជាតិ ដើម្បីជ្រើសរើសមូលបទ និងប្រធានបទខាងលើ និងសម្របសម្រួលខ្លឹមសារ និងឡូជីស្ទីក រួមទាំងប្រធានសម្របសម្រួលនៃប្រព័ន្ធអង្គការសហប្រជាជាតិ និងទីភ្នាក់ងារអង្គការសហប្រជាជាតិទាំងអស់ចំពោះកិច្ចសហការដ៏ជិតស្និទ្ធ សម្រាប់ជំនួបពិភាក្សាប្រចាំឆ្នាំ២០២៤ ប្រកបដោយជោគជ័យ ។

This event is not available in English
Other Events
Return to Old Website