(ភ្នំពេញ)
នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច ខែកត្ដិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក./ក.អ.ក.) បានសហការជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រោមការគាំទ្រពី UNDP បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ “ផែនការយុទ្ធសាស្រ្ដជាតិស្ដីពីពិការភាព ឆ្នាំ២០២៤-២០២៨” ។ កិច្ចប្រជុំផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបនូវចំណេះដឹង និងបង្កើនការយល់ដឹងពាក់ព័ន្ធទៅនឹងគោលនយោបាយជាអាទិភាព ទិសដៅជាយុទ្ធសាស្រ្ដ និងផែនការសកម្មភាពនានារបស់ជាតិ ក្នុងការជំរុញ និងលើកកម្ពស់វិស័យពិការភាពនៅកម្ពុជា ជាពិសេសធានាបាននូវបរិយាបន្នពិការភាពទៅក្នុងគ្រប់វិស័យ ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នៃគ.ស.អ.ក./ក.អ.ក. និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ សរុបប្រមាណ ៤៥ រូប ។