កិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពប្រចាំឆ្នាំ ២០២៥ ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨
[20-November-2025]

(ភ្នំពេញ)

នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.​ ២៥៦៩ ត្រូវនឹងថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥, នៅវិមានរដ្ឋាភិបាល, មានរៀបចំកិច្ចប្រជុំសហដឹកនាំដោយ ឯកឧត្ដម រ៉ិត វុទ្ធី អគ្គលេខាធិការ នៃគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) និងលោកស្រី Sandra BernKlau តំណាងមូលនិធិអង្គការសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ប្រចាំកម្ពុជា ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល រួមមាន៖ ទីស្តីការគណៈរដ្ឋមន្ត្រី, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ​ យុវជន និងកីឡា, ក្រសួងសុខាភិបាល, ក្រសួងផែនការ, និងក្រសួងកិច្ចការនារី និងអង្គការមិនមែនរដ្ឋាភិបាលជាភ្នាក់ងារអនុវត្តគម្រោង, ព្រមទាំងភាគីពាក់ព័ន្ធ ចំនួនប្រមាណ ៦០រូប ។ គោលដៅចម្បងនៃកិច្ចប្រជុំ គឺពិនិត្យវឌ្ឍនភាពការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ សម្រាប់ឆ្នាំ ២០២៥ និងការកំណត់អាទិភាពសម្រាប់ឆ្នាំ២០២៦ ។

គួររំលឹកផងដែរ កម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ ត្រូវបានអនុម័តឱ្យអនុវត្តកាលពីដើមឆ្នាំ២០២៤ ផ្តោតសំខាន់លើអាទិភាពចំនួន ៤ រួមមាន ៖ ១) ការពង្រឹងស្ថាប័នថ្នាក់ជាតិ, ថា្នក់ក្រោមជាតិ និងសហគមន៍ ក្នុងការផ្តល់សេវា និងព័ត៌មានប្រកបដោយគុណភាព, ២) ការលើកកម្ពស់សមភាពយេនឌ័រ និងការលុបបំបាត់អំពើរើសអើង និងអំពើហឹង្សាគ្រប់ទម្រង់, ៣) ការលើកកម្ពស់សមត្ថភាពជំនាញ និងការបង្កើតឱកាសដល់យុវជន សម្រាប់អភិវឌ្ឍធនធានមនុស្ស, និង ៤) ការពង្រឹងភាពធន់ប្រជាសាស្រ្ត ប្រព័ន្ធទិន្នន័យ ពិសេសពាក់ព័ន្ធនឹងប្រជាសាស្រ្តសម្រាប់ការវិភាគ និងការរៀបចំគោលនយោបាយ ។ អាទិភាពទាំងនេះ បានតម្រឹមជាមួយក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព (United Nations Sustainable Development Cooperation Framework-UNSDCF 2024-2028) និងមានសង្គតិភាពជាមួយយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។

ឯកឧត្ដម រ៉ិត វុទ្ធី បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេសសម្រាប់ឆ្នាំ២០២៥ ដោយទទួលបានលទ្ធផលល្អប្រសើរដូចបានគ្រោងទុក ។ ចំពោះសកម្មភាពអាទិភាព ឆ្នាំ២០២៦ ឯកឧត្ដម ជឿជាក់យ៉ាងមុតមាំថាក្រសួង ស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល, ព្រមទាំងភាគីពាក់ព័ន្ធ និង UNFPA នឹងរួមគ្នាអនុវត្តប្រកបដោយជោគជ័យ ។

លោកស្រី Sandra BernKlau បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ គ.ស.អ.ក/ក.អ.ក ដែលបានសហការ និងសម្របសម្រួលក្នុងការរៀបចំកិច្ចប្រជុំឆ្នាំនេះ ។​ ​ លោកស្រី បានបញ្ជាក់ថា UNFPA ​ នឹងបន្តកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរាជរដ្ឋាភិបាល ដើម្បីគាំទ្រដល់កិច្ចអភិវឌ្ឍន៍កម្ពុជា ។ គួរបញ្ជាក់ ផងដែរ ហិរញ្ញប្បទានផ្ទាល់របស់អង្គការ UNFPA មានប្រមាណ ៩.២លានដុល្លារអាមេរិក និងត្រូវកៀរគរចំនួន ៨.៨លានដុល្លារអាមេរិក សរុបប្រមាណ ១៨លានដុល្លារអាមេរិក គ្រោងវិភាជន៍សម្រាប់រយៈពេល ៥ឆ្នាំ ក្នុងការអនុវត្តកម្មវិធីអភិវឌ្ឍន៍ប្រចាំប្រទេស ឆ្នាំ២០២៤-២០២៨ ។

ជាកិច្ចបញ្ចប់ ឯកឧត្ដម រ៉ិត វុទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រីទាំងអស់ដែលមានវត្តមានក្នុងកិច្ចប្រជុំ ហើយបានផ្តល់នូវធាតុចូលសំខាន់ៗសម្រាប់រៀបចំសកម្មភាពអាទិភាពឆ្នាំ២០២៦ ។ ឯកឧត្ដម ក៍បានបង្ហាញពីគោលជំហររបស់រាជរដ្ឋាភិបាល ក្នុងការបន្តសហការជាមួយ UNFPA ប្រចាំកម្ពុជា, និងដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីអនុវត្តសម្រេចបានលទ្ធផលតាមការគ្រោងទុក ។

This event is not available in English
Other Events
Return to Old Website