(ភ្នំពេញ)
នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស, អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ Christina Laun ប្រធានទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍នៃក្រសួងសហប្រតិបត្តិការសេដ្ឋកិច្ចនិងការអភិវឌ្ឍ (BMZ) បានដឹកនាំកិច្ចចរចាស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២៥ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធ ដោយមានការចូលរួមពីឯកឧត្តម Stefan Anton Masserer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា, តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ), តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (KFW) និងតំណាងជាន់ខ្ពស់ក្រសួងនិងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ។ គោលដៅចម្បងនៃកិច្ចចរចានេះគឺ ១) ពិភាក្សាលើវឌ្ឍនភាពកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពនយោបាយ និង ២) ពិនិត្យ និងតម្រង់ទិសវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងប្រទេសទាំងពីរនាពេលអនាគត ។