កិច្ចពិភាក្សាការងារតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយអ្នកជំនាញការអាល្លឺម៉ង់ នៃទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ)
[ថ្ងៃទី ២៥ ខែសីហា ឆ្នាំ២០២០]

(ភ្នំពេញ)

នារសៀលថ្ងៃអង្គារ ៧ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិ សម្រាប់កម្មវិធីអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន-ដំណាក់កាលទី៤ (RED IV) បានជួបប្រជុំពិភាក្សាការងារតាមប្រព័ន្ធបញ្ជូនរូបភាព និងសម្លេង (Video Conference) ជាមួយលោកស្រី បណ្ឌិត Sabine Schmid អ្នកជំនាញការអាល្លឺម៉ង់ នៃទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) ។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការរង គ.ជ.នា/ក.អ.ក និងជាប្រធានលេខាធិការដ្ឋានថ្នាក់ជាតិសម្រាប់កម្មវិធី RED IV, លោកបណ្ឌិត Stefan Hanselmann ប្រធានកម្មវិធី RED IV នៃទីភា្នក់ងារ GIZ ប្រចាំកម្ពុជា និងមន្រ្តីជំនាញនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ គោលដៅចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងកំណត់ទិសដៅអាទិភាពសម្រាប់កម្មវិធីដំណាក់កាលបន្ទាប់ពីកម្មវិធី RED IV ដែលនឹងត្រូវបិទបញ្ចប់នាត្រីមាសទី៣ ឆ្នាំ២០២១ ខាងមុខ ។

កម្មវិធីថ្មីនេះ នឹងត្រូវចាប់ផ្តើមអនុវត្តជាផ្លូវការក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ផ្តោតចម្បងលើការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ដោយផ្លាស់ប្តូរពីការអភិវឌ្ឍសេដ្ឋកិច្ចបែបលក្ខណៈគ្រួសារ (ផ្តោតលើវិស័យ កសិកម្ម) ទៅជាការធ្វើពិពិធកម្ម និងទំនើបកម្មតាតលើវិសិៃជាការធ្វើពិពិធកម្មសេសេដ្ឋកិច្ច (ផ្តោតលើវិស័យឧស្សាហកម្ម, សហគ្រាសធុនតូច និងមធ្យម និងការចូលរួមរបស់វិស័យឯកជន) នៅថ្នាក់ក្រោមជាតិ ។

គួររំឭកផងដែរថា កម្មវិធី RED IV គឺកម្មវិធីសហប្រតិបតិ្តការបចេ្ចកទេស ក្នុងក្របខណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ តាមរយៈទីភា្នក់ងារ GIZ ប្រចាំកម្ពុជា និង រដ្ឋាភិបាលនៃសហព័ន្ធស្វីស តាមរយៈទីភា្នក់ងារស្វីសសម្រាប់ការអភិវឌ្ឍប្រចាំកម្ពុជា (SDC) និងមានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិ និងមានតំណាងពីសា្ថនទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ព្រមទាំងតំណាងក្រសួង-សា្ថប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធ ចំនួន ១៤ ជាសមាជិក ។ កម្មវិធីនេះមាន រយៈពេល ៣ ឆ្នាំកន្លះ (ពីខែមេសា ឆ្នាំ២០១៨ ដល់ខែកញ្ញា ឆ្នាំ២០២១) មានថវិកាសរុប ៨,៤១ លានអឺរ៉ូ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១០% ដែលបាននិងកំពុងអនុវត្តនៅខេត្តគោលដៅចំនួន ៤ រួមមាន ៖ ខេត្តបន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងសៀមរាប

This event is not available in English
Other Events
Return to Old Website