ជំជួបសម្តែងការគួរសម និងពិភាក្សាការងាររវាងឯកឧត្តម ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការ នៃគណៈកម្មាធិការសហប្រតិបត្តិ-ការអភិវឌ្ឍន៍កម្ពុជានិងឯកឧត្តម ឯកឧត្តម Tino Chrupalla ​ ជាប្រធានក្រុមសភានៃគណបក្ស AfD ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងអមដំណើរដោយ ឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា
[ថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នំា​២០២៤ ]

(ភ្នំពេញ)

នារសៀលថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នំា​២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការ នៃគណៈកម្មាធិការសហប្រតិបត្តិ-ការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ គណៈប្រតិភូសហព័ន្ធអាល្លឺម៉ង់ ដែលដឹកនាំដោយ ឯកឧត្តម Tino Chrupalla ​ ជាប្រធានក្រុមសភានៃគណបក្ស AfD ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងអមដំណើរដោយ ឯកឧត្តម Stefan Anton Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាផងដែរ ។ គោលបំណងចម្បងនៃជំនួបនេះគឺ ដើម្បីសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ក៏ដូចជាផ្លាស់ប្តូរយោបល់លើទិដ្ឋភាពវិនិយោគ ​និងភាពជាដៃគូក្នុងប្រទេសកម្ពុជា ។

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមអគ្គលេខាធិការ បានសម្តែងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តម Tino Chrupalla ប្រធានក្រុមសភានៃគណបក្ស AfD និងសហការី ក្នុងឱកាសដែល ឯកឧត្តម មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនឹងនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដមអគ្គលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាល និងប្រជាជនសហព័ន្ធអាល្លឺម៉ង់ ដែលបានបន្តផ្តល់ការគាំទ្រដល់កម្ពុជា ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់វិស័យអាទិភាពចំនួន ៣ (ការអភិវឌ្ឍប្រកបដោយចីរភាព, កិច្ចគាំពាសង្គម និងសុខាភិបាល និងការប្រែប្រួលអាកាសធាតុ និងថាមពល) ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូន ឯកឧត្តមប្រធានប្រតិភូ និងសហការី ថារាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ជកោណដំណាក់កាលទី១ ឆ្នាំ២០២៤-២០២៨ ដែលផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងអាទិភាពរបស់រាជរដ្ឋាភិបាលរួមមានមូលធនមនុស្ស, ពិពិធកម្ម សេដ្ឋកិច្ចបង្កើនភពប្រកួតប្រជែង, ការអភិវឌ្ឍវិស័យឯកជន និងការងារ, ការអភិវឌ្ឍប្រកបដោយភាពធន់, ចីរភាព និងបរិយាប័ន្ន និងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចបានចក្ខុវិស័យរបស់កម្ពុជាឱ្យក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

ជាការឆ្លើយតប ឯកឧត្តម Tino Chrupalla ក៏បានថ្លែងអំណរគុណ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងវឌ្ឍនភាពសម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ។ ក្នុងជំនួបនេះ ឯកឧត្តមប្រធានប្រតិភូ ក៏បានជម្រាបជូន ឯកឧត្តមអគ្គលេខាធិការ ថារដ្ឋាភិបាលអាល្លឺម៉ង់មានបំណងបន្តរឹតបណ្តឹងចំណងវិនិយោគកម្ពុជា តាមរយៈការជំរុញវិនិយោគិនអាល្លឺម៉ង់មកធ្វើពិពិធកម្មគោលដៅវិនិយោគ ដោយ ធ្វើការបណ្តាក់ទុននៅប្រទេសកម្ពុជា ។ ជាកិច្ចឆ្លើយតប ឯកឧត្តមអគ្គលេខាធិការ បានជម្រាបជូន ឯកឧត្តមប្រធានប្រតិភូ នូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា ជាពិសេសការសម្រួលធុរកិច្ច និងការផ្តល់ជូននូវការលើកទឹកចិត្តប្រកបដោយភាពទាក់ទាញ ដូចមានចែងនៅក្នុងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រ កម្ពុជា ។ ក្នុងន័យនេះ ឯកឧត្តមអគ្គលេខាធិការ សង្ឃឹមថាការបំពេញទស្សនកិច្ចនៅកម្ពុជារបស់ ឯកឧត្តមប្រធានប្រតិភូ នាពេលនេះ នឹងអាចស្វែងយល់ និងចាប់យកកាលានុវត្តភាពជាអតិបរមាពីការវិនិយោគនៅកម្ពុជា តាមរយៈរូបភាព ហិរញ្ញប្បទានសហប្រតិបត្តិការ ឬភាពជាដៃគូរវាងរដ្ឋ និងវិស័យឯកជន ឬវិនិយោគដោយផ្ទាល់ ដើម្បីចាប់យកទីផ្សារដែលពោរពេញដោយថាមវន្ត និងរួមចំណែកដល់ការពង្រឹងចំណងមិត្តភាពកម្ពុជា-អាល្លឺម៉ង់ ។

ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណ និងជូនពរ ឯកឧត្តម Tino Chrupalla និងសហការី ទទួលបានជោគជ័យក្នុងការបំពេញបេសកកម្មនៅកម្ពុជា ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គលេខាធិការ និង ឯកឧត្តមប្រធានប្រតិភូ បានបង្ហាញជំហរយ៉ាងមុតមាំ និងសង្ឃឹមជឿជាក់ថាភាពជាដៃគូក្នុងកិច្ចសហប្រតិបត្តិការ និងការវិនិយោគរវាងកម្ពុជា និងសហព័ន្ធអាល្លឺម៉ង់ នឹងត្រូវបានបន្តពង្រឹង និងពង្រីកកាន់តែល្អប្រសើរនាពេលអនាគត ៕

This event is not available in English
Other Events
Return to Old Website