(ភ្នំពេញ)
នាព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក), លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរងនៃគណៈកម្មាធិការកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃ ក.អ.ក បានធ្វើសហប្រធានជាមួយ លោកស្រី Arunee Hiam អគ្គនាយករងនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិថៃឡង់ដ៏ (TICA) ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យពាក់កណ្ដាលអាណត្តិ នៃកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ថៃឡង់ដ៏ ។ កិច្ចប្រជុំមានការចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង/ស្ថាប័នពាក់ព័ន្ធចំនួន១១ របស់រាជរដ្ឋាភិបាលកម្ពុជា តំណាងទីភ្នាក់ងារ TICA និងតំណាងស្ថានទូតថៃឡង់ដ៏ប្រចាំកម្ពុជា សរុបប្រមាណ ៥០រូប ។
ជាកិច្ចចាប់ផ្តើម លោកជំទាវអគ្គលេខាធិការរង បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូនៃទីភ្នាក់ងារ TICA តំណាងស្ថានទូតថៃឡង់ដ៏ និងតំណាងក្រសួង/ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានចូលក្នុងកិច្ចប្រជុំ ។ លោកជំទាវអគ្គលេខាធិការរង បានជម្រាបជូនអង្គប្រជុំថា កិច្ចប្រជុំត្រួតពិនិត្យ ពាក់កណ្តាលអាណត្តិនេះត្រូវបានរៀបចំឡើងជាលើកទី១ រវាង ក.អ.ក និងទីភ្នាក់ងារ TICA ដើម្បីពិនិត្យគម្រោង/កម្មវិធី ដែលបានលើកស្នើដោយភាគីកម្ពុជា នៅក្នុងកិច្ចពិគ្រោះយោបល់ទ្វេភាគីស្ដីពីកិច្ចសហប្រតិបត្ដិការ បចេ្ចកទេសលើកទី១៦ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃឡង់ដ៏ កាលពីឆ្នាំ២០២៣ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃឡង់ដ៏ ។
លោកជំទាវអគ្គលេខាធិការរង បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលថៃឡង់ដ៏ដែលបានចូលរួមចំណែកគាំទ្រដល់ការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ទីភ្នាក់ងារ TICA ដែលបានបន្តកិច្ចសហប្រតិបត្តិការបច្ចេកទេសជាមួយកម្ពុជាតាមរយៈ កម្មវិធីកិច្ចសហប្រតិបត្តិការអភិឌ្ឍន៍កម្ពុជា-ថៃឡង់ដ៏រយៈពេល៣ឆ្នាំ (២០២៣-២០២៥) ដែលផ្តោតលើ វិស័យអាទិភាពសំខាន់ៗ រួមមាន៖ ១)កសិកម្ម ២)សុខភាពសាធារណៈ ៣)អប់រំ ៤)បរិស្ថាន ៥)អភិវឌ្ឍន៍ធនធានមនុស្ស និង៦)អភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច ដែលវិស័យទាំងនេះមានសង្គតតិភាពជាមួយវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដូចមានចែងក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។
ជាការឆ្លើយតប លោកស្រី Arunee Hiam សូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបានវឌ្ឍនភាពក្នុងកិច្ចអភិវឌ្ឍន៍ ពិសេសការជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍវិស័យសង្គមកិច្ច សុខភាពសាធារណៈ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការការពារបរិស្ថាន នាពេលកន្លងមក ហើយកម្ពុជានៅតែជាដៃគូដ៏សំខាន់ ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ព្រះរាជាណាចក្រថៃឡង់ដ៍ ។ បន្ថែមលើនេះទៀត លោកស្រី Arunee Hiam ក៏បានជម្រាបពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ថៃឡង់ដ៏ក្នុងការបន្តគាំទ្រកម្ពុជាក្នុងកិច្ចអភិវឌ្ឍន៍ផងដែរ ។
ជាលទ្ធផល ភាគីទាំំងពីរបានឯកភាពបញ្ចូលគម្រោងដែលមិនទាន់បានអនុវត្តក្នុងឆ្នាំ២០២៤ ទៅក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃឡង់ដ៍ ៣ឆ្នាំ សម្រាប់ឆ្នាំ២០២៦-២០២៨ និងបន្តសិក្សាបញ្ចប់គម្រោងអាទិភាពមួយចំនួនរបស់កម្ពុជាដូចជាការសាងសង់អាគារជាន់ទី៤ នៃគម្រោងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈពូនភ្នំ គម្រោងពង្រឹងសហគមន៍កសិកម្មបន្លែ និងផ្លែឈើកម្ពុជា លើសុវត្ថិភាពចំណីអាហារ តម្លៃច្រវ៉ាក់ ផលិតកម្ម និងការប្រែប្រួលអាកាសធាតុ ដោយប្រើប្រាស់ម៉ូឌែលជីវបរិស្ថានសេដ្ឋកិច្ចបៃតង (BCG) និងគម្រោងដទៃទៀត ដែលនឹងត្រូវពិភាក្សាបន្តនាពេលខាងមុខ ។
គួរបញ្ជាក់ផងដែរថា ភាគីថៃឡង់ដ៏បានផ្តល់វគ្គបណ្តុះបណ្តាលដល់កម្ពុជាសម្រាប់ឆ្នាំ២០២៥ ចំនួន២០វគ្គ សម្រាប់រយៈពេលខ្លីនិងវែង ដើម្បីឆ្លើយតបនឺងរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា និងសន្យាទទួលយកគម្រោងថ្មីរបស់កម្ពុជាសម្រាប់បញ្ចូលក្នុងផែនការនៃកម្មវិធីកិច្ចសហប្រតិបត្តិការកម្ពុជា-ថៃឡង់ដ៏ ៣ឆ្នាំ បន្តទៀត ។
ជាកិច្ចបញ្ចប់ លោកជំទាវអគ្គលេខាធិការរង និងលោកស្រី Arunee Hiam មានសុទិដ្ឋិនិយមខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត និងឯកភាពគ្នាបន្តពង្រឹងភាពជាដៃគូ ព្រមទាំងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចនូវគោលដៅរួម ។