(ភ្នំពេញ)
នារសៀលថ្ងៃពុធ ៤ កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃប្រទេសអូស្ត្រាលីប្រចាំនៅកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅ និងអបអរសាទរដល់ ឯកឧត្តម Derek Yip ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានរដ្ឋាភិបាលអូស្ត្រាលីតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព
នៃប្រទេសអូស្រ្តាលីប្រចាំកម្ពុជា ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងបានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលអូស្ត្រាលី ក្នុងការបន្តរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាជាពិសេសតាមរយៈការផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ដល់កម្ពុជា ។
ជាការឆ្លើយតប ឯកឧត្តម Derek Yip បានថ្លែងអំណរគុណដល់ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យ ឯកឧត្តម ចូលជួបសម្តែងការគួរសម ។ ឯកឧត្តម Derek Yip បានបន្តថារដ្ឋាភិបាលអូស្រ្តាលីសូមវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបានវឌ្ឍនភាពក្នុងកិច្ចអភិវឌ្ឍន៍ ពិសេសការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមនាពេលកន្លងមក ហើយកម្ពុជានៅតែជាដៃគូដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលី ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម Derek Yip ក៏បានជម្រាបជូនពីវឌ្ឍនភាព នៃការរៀបចំសេចក្តីព្រាងផែនការអភិវឌ្ឍន៍ភាពដៃគូសម្រាប់ការអភិវឌ្ឍនៅកម្ពុជារបស់អូស្រ្តាលី (Development Partnership Plan – DPP) ។ ផែនការនេះមានគោលដៅចម្បងចំនួន ៣ គឺ៖ ១) ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច ២) ការលើកកម្ពស់សេវាសាធារណៈ និង ៣)ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ដែលអាទិភាពទាំងនេះមានសង្គតិភាពជាមួយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ -ដំណាក់កាលទី១ ។
ជាការឆ្លើយតប ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងការបន្តចូលរួមគាំទ្ររបស់រដ្ឋាភិបាលអូស្ត្រាលីក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ហើយសង្ឃឹមយ៉ាងមុតមាំថា ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍនៅកម្ពុជា របស់ប្រទេសអូស្ត្រាលីនេះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាពនៅកម្ពុជា ។ ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី និង ឯកឧត្តម Derek Yip មានសុទិដ្ឋិនិយមខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត និងឯកភាពគ្នាបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចនូវគោលដៅរួម ។