ជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោក ANDO Naoki អនុប្រធានជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អមដោយលោក SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជា
[27-November-2024]

(ភ្នំពេញ)

នារសៀលថ្ងៃពុធ ១២ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក ANDO Naoki អនុប្រធានជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) អមដោយលោក SANUI Kazumasa ប្រធានទីភ្នាក់ងារ JICA ប្រចាំកម្ពុជា និងគណៈប្រតិភូចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្ដៅដល់លោក ANDO Naoki ដែលអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលសៀមរាប-អង្គរនៃអនុសញ្ញាអូតាវ៉ាស្តីពីពិភពលោកមួយដែលគ្មានមីន នៅខេត្តសៀមរាប ។ បន្ថែមលើនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដល់កិច្ចសហការដ៏ល្អរបស់ទីភ្នាក់ងារ JICA ក្នុងការចូលរួមអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ពិសេសលើវិស័យបោសសម្អាតមីន ។
ជាការឆ្លើយតប លោក ANDO Naoki បានថ្លែងអំណរគុណដល់ ឯកឧត្តមទេសរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យលោក និងគណៈប្រតិភូចូលជួបសម្តែងការគួរសម ។ លោក ANDO Naoki បានបន្តថារដ្ឋាភិបាលជប៉ុន វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចបានវឌ្ឍនភាពក្នុងកិច្ចអភិវឌ្ឍន៍នាពេលកន្លងមក ។ រដ្ឋាភិបាលជប៉ុនចាត់ទុកកម្ពុជា ជាដៃគូដ៏សំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ។ លោក ANDO Naoki ក៏បានថ្លែងអំណរគុណដល់ ក.អ.ក ចំពោះកិច្ចសហការល្អ ជាមួយទីភ្នាក់ងារ JICA ប្រចាំកម្ពុជា ជាពិសេសតាមរយៈការសម្របសម្រួលយន្តការអង្កេតគម្រោងហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japan’s ODA Request Survey) ។ ទន្ទឹមនឹងនេះ លោក ANDO Naoki បានគូសបញ្ជាក់ពីការអនុម័តនូវគោលនយោបាយ ស្ដីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្មីរបស់ជប៉ុនសម្រាប់កម្ពុជា ដែលបង្ហាញពីការបន្តការប្ដេជ្ញាចិត្តខ្ពស់របស់រដ្ឋាភិបាលជប៉ុនក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការតម្រឹមអាទិភាពនៃកិច្ចអភិវឌ្ឍន៍របស់ខ្លួនឱ្យស្របនឹងអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។
ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី និងលោក ANDO Naoki មានសុទិដ្ឋិនិយមខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នាពេលអនាគត និងឯកភាពគ្នាបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហការយ៉ាងជិតស្និទ្ធ ដើម្បីសម្រេចនូវគោលដៅរួម ។ សូមគូសបញ្ជាក់ផងដែរថា ចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៣ រដ្ឋាភិបាលជប៉ុនបានបើកផ្តល់ហិរញ្ញប្បទានដល់កម្ពុជាប្រមាណ ៤,៧ ពាន់លានដុល្លារ ផ្តោតលើវិស័យអាទិភាពសំខាន់ៗរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ទឹកស្អាត, អប់រំ, ថាមពល, កសិកម្ម, សុខាភិបាល និងការរៀបចំទីក្រុង ។

This event is not available in English
Other Events
Return to Old Website