កិច្ចប្រជុំដើម្បីពិភាក្សាអំពីការចាប់ផ្តើមដំណើរការគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា ដំណាក់កាលទី២
[22-July-2026]

(ភ្នំពេញ)

នាព្រឹកថ្ងៃពុធ ៨កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិនៃគម្រោង ICONE II និង ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាអំពីការចាប់ផ្តើមដំណើរការគម្រោងលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា ដំណាក់កាលទី២ ។ គោលបំណងចម្បងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សា និងឯកភាពលើ៖ ១) សេចកី្តព្រាងកិច្ចព្រមព្រៀងអនុវត្តគម្រោង (Implementation Agreement) និង ទី២) ផែនការប្រតិបត្តិគម្រោងឆ្នាំ២០២៦ (Operational Plan 2026) ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាតំណាងក្រសួង និងស្ថាប័នពាក់ព័ន្ធចំនួន ១១ និងតំណាងជាន់ខ្ពស់ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ), និងមន្ត្រីគម្រោង ICONE II សរុបប្រមាណ ៥០ រូប ។

ភាគីទាំងពីរ បានបញ្ជាក់ជាថ្មីនូវភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រមទាំងបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់លើភាពជោគជ័យ និងសមិទ្ធផលដែលសម្រេចបានក្រោមគម្រោង ICONE ដំណាក់កាលទី១ និងបានសង្កត់ធ្ងន់ថាគម្រោង ICONE ដំណាក់កាលទី២ ដែលនឹង អនុវត្តចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ នឹងជួយពង្រឹងភាពប្រកួតប្រជែងក្នុងវិស័យឯកជនរបស់កម្ពុជា តាមរយៈការតភ្ជាប់ជាមួយធុរកិច្ចអាល្លឺម៉ង់ ។ ការណ៍នេះ នឹងគាំទ្រដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់កម្ពុជា ឆ្លើយតបទៅនឹងគោលដៅនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ស្របពេលដែលប្រទេសកម្ពុជាកំពុងត្រៀមខ្លួនសម្រាប់ការចាកចេញពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) ។

(Phnom Penh)

On Wednesday, July 22, 2026, at the Council for the Development of Cambodia, H.E. Chhieng Yanara, Senior Minister in Charge of Special Missions, Second Vice-Chairman of the Council for the Development of Cambodia, and Chairman of the NSC ICONE II, together with H.E. Stefan Messerer, Ambassador of Germany to Cambodia, co-chaired the Inter-Ministerial Meeting on the Improved Competitiveness of National Enterprises in Cambodia Phase II (ICONE II) Project. The primary objective of the meeting aimed to review and endorse on the draft Implementation Agreement and the Operational Plan for 2026 of the ICONE II project. The meeting was attended by approximately 50 participants, including representatives from 11 relevant ministries and institutions, senior representatives from the German Embassy in Cambodia, representative of GIZ Cambodia, and ICONE II team.

Both sides reaffirmed the strong and longstanding partnership between Cambodia and Germany, underscoring the shared commitment to advancing sustainable, inclusive, and resilient economic development. His Excellency Senior Minister highly commended the success and achievements under the ICONE Phase I and emphasized that ICONE Phase II, which will be implemented from 2026 to 2030, will further strengthen the competitiveness of Cambodia’s private sector by fostering linkages with German businesses. This cooperation will contribute to Cambodia's economic diversification in alignment with the goals of the Pentagonal Strategy-Phase I, while also preparing the country for the upcoming graduation from Least Developed Country (LDC) status.

Other Events
Return to Old Website