(ភ្នំពេញ)
នាថ្ងៃអង្គារ ៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក./ក.អ.ក) បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកស្រី Christina Laun ប្រធានផ្នែកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ និងមានការចូលរួមពី លោក Jost Kadel អនុប្រធានបេសកកម្មនៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃស្ថានទូតអាល្លឺម៉ង់ ។ លោកស្រី Christina Laun ទើបតែត្រូវបានតែងតាំងជាប្រធានផ្នែកប្រចាំតំបន់អាស៊ីអាគ្នេយ៍នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) ជំនួស Dr. Adreas Pfeil ដែលត្រូវបានចាត់តាំងឱ្យទទួលភារៈកិច្ចថ្មី។
គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីសម្តែងការគួរសម និងពិភាក្សាពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ អភិវឌ្ឍន៍រវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក៏ដូចជាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនាពេលអនាគត ។
ចុងបញ្ចប់ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការ គណៈកម្មាធិការសហប្រតិបត្តិការ អភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក./ក.អ.ក) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានបេ្តជ្ញាបន្តផ្តល់ការគាំទ្រដល់កម្ពុជាដើម្បីសម្រេចបានការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយ ចីរភាព និងបានចាត់ទុកកម្ពុជាជាដៃគូរយ:ពេលវែងក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ៕