សិក្ខាសាលាស្តីពីប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ (Cambodia ODA Database)
[16,17-December-2024]

(ខេត្តកែប)

នាថ្ងៃចន្ទ-អង្គារ ១-២រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦-១៧ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារសង្គហមិត្ត ខេត្តកែប, គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានសហការជាមួយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៏ដោយចីរភាព (ក.ជ.អ.ច) នៃក្រសួងបរិស្ថាន រៀបចំសិក្ខាសាលាស្តីពីប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ (Cambodia ODA Database) សម្រាប់មន្ត្រីបង្គោលរបស់ដៃគូអភិវឌ្ឍន៏ ។ សិក្ខាសាលាបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម រ៉ិត វុទ្ធី អគ្គលេខាធិការ គ.ស.អ.ក/ក.អ.ក និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងបរិស្ថាន, ក្រសួងកិច្ចការនារី, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្ត្រីបង្គោលរបស់ដៃគូអភិវឌ្ឍន៍ សរុបប្រមាណ ៦០រូប ។ គោលដៅចម្បងនៃសិក្ខាសាលា គឺ៖
១) ចែករំលែកពីវឌ្ឍនភាពនៃការធ្វើអង្កេតលើកទី ៤ ស្តីពីភាពជាដៃគូសកលសម្រាប់ប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២៤ និងតួនាទីប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការក្នុងការគាំទ្រដល់ការធ្វើអង្កេតនេះ
២) ចែករំលែកបទពិសោធន៍ក្នុងការកត់ត្រាទិន្នន័យហិរញ្ញប្បទាន តាមវិស័យ និងអន្តរវិស័យ
៣) ផ្តល់ការណែនាំពីមុខងារសំខាន់ៗថ្មីក្នុងប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ជាមូលដ្ឋានក្នុងការកត់ត្រាទិន្នន័យរបស់មន្ត្រីបង្គោលខាងដៃគូអភិវឌ្ឍន៍

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រ៉ិត វុទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងស្មារតីភាពជាដៃគូ នាពេលកន្លងមក ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន តាមរយៈគម្រោងសម្ព័ន្ធប្រែប្រួលអាសកាសធាតុដំណាក់កាលទី៣ និង UNFPA ដែលបានផ្តល់ការគាំទ្រក្នុងការរៀបចំសិក្ខាសាលានេះ ។ ឯកឧត្តម ក៏បានគូសបញ្ជាក់ថា សិក្ខាសាលាត្រូវបានរៀបចំជាទៀងទាត់ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការកត់ត្រាទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការ ដែលឆ្លើយតបទៅនឹងការផ្លាស់ប្តូររបត់នៃនិម្មាបនកម្មកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទាំងកម្រិតជាតិ និងសកល ។

ប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការតាមដានរំហូរនៃការបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ដៃគូអភិវឌ្ឍន៍ និងវឌ្ឍនភាពនៃស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ទាំងក្នុងកម្រិតជាតិ និងសកល សំដៅរួមចំណែកដល់ការអនុវត្តរបៀបវារៈគោលនយោបាយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ដូចមានចែងក្នុង ‹យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១› ។

ក្នុងសន្ទរកថាបិទសិក្ខាសាលា, ឯកឧត្ដម រ៉ិត វុទ្ធី អគ្គលេខាធិការ គ.ស.អ.ក/ក.អ.ក បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្មពីសិក្ខាកាមទាំងអស់ ។ លើសពីនេះ, ឯកឧត្ដម បានបង្ហាញពីជំនឿយ៉ាងមុតមាំថា សិក្ខាសាលានេះនឹងចូលរួមចំណែកក្នុងការពង្រឹងគុណភាពនៃប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការ ដែលជាមូលដ្ឋានចាំបាច់សម្រាប់ការធ្វើរបាយការណ៍ស្តីពីប្រសិទ្ធភាពនៃកិច្ចសហការអភិវឌ្ឍន៍ និងភាពជាដៃគូនៅកម្ពុជា ឆ្នាំ២០២៥ ។ ជាទីបញ្ចប់, ឯកឧត្ដម បានថ្លែងអំណរគុណ និងជូនពរសិក្ខាកាមទាំងអស់នូវសុខសុវត្ថិភាព និងជោគជ័យគ្រប់ភារកិច្ច ៕

This event is not available in English
Other Events
Return to Old Website