កិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
[ថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤]

(ភ្នំពេញ)

នាថ្ងៃព្រហស្បតិ៍ ១៤ កើត ខែជេស្ឋ ឆ្នាំរោង ចត្វាស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានដឹកនាំកិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដោយមានការចូលរួមពីសំណាក់ លោកជំទាវ ឯកឧត្តម ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង/ស្ថាប័ន របស់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ១៧ ដែលមានកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ។ រីឯភាគីមិត្ត ដឹកនាំដោយ លោកជំទាវ Michaela Henning អនុប្រធានផ្នែកអាស៊ីអាគ្នេយ៍ នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ) និងមានការចូលរួមពី ឯកឧត្តម Stefan Anton Masserer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិប្រចាំកម្ពុជា (GIZ), តំណាងធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ប្រចាំកម្ពុជា (KFW) និងមន្ត្រីជាន់ខ្ពស់នៃស្ថានទូតអាល្លឺម៉ង់ ។

កិច្ចពិគ្រោះយោបល់នាថ្ងៃនេះ គឺជាកិច្ចប្រជុំទ្វេភាគីលើកទី១៦ ដែលត្រូវបានចាត់ទុកជាវេទិកាដ៏សំខាន់ក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូរវាងរដ្ឋាភិបាលទាំងពីរ ។ គោលដៅចម្បងនៃកិច្ចពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យ និងពិភាក្សាលើវឌ្ឍនភាព និងបញ្ហាប្រឈមនានាក្នុងការអនុវត្តគម្រោង/កម្មវិធី ដែលផ្តល់ហិរញ្ញប្បទានដោយរដ្ឋាភិបាលអាល្លឺម៉ង់ និងលើកសំណើគម្រោងថ្មី និងគម្រោងដែលត្រូវអនុវត្តបន្ត សម្រាប់រដ្ឋាភិបាលអាល្លឺម៉ង់ពិចារណា និងអនុម័តក្នុងកិច្ចចរចាទ្វេភាគីស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៥។

This event is not available in English
Other Events
Return to Old Website