កិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិសម្រាប់គម្រោង “ការលើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា”
[22-January-2025]

(ខេត្តសៀមរាប)

នាថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ នៅ សណ្ឋាគារបុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងជាប្រធានគណៈកម្មាធិការដឹកនាំ ការងារថ្នាក់ជាតិ បានដឹកនាំកិច្ចប្រជុំលើកទី៤ របស់គណៈកម្មាធិការដឹកនាំការងារថ្នាក់ជាតិសម្រាប់គម្រោង “ការ លើកកម្ពស់ភាពប្រកួតប្រជែងរបស់សហគ្រាសនៅកម្ពុជា” (Improved Competitiveness of National Enterprises in Cambodia-ICONE) ។ គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺ ១). ពិនិត្យវឌ្ឍនភាព និងបញ្ហា ប្រឈមសម្រាប់រយៈពេល ៣ឆ្នាំ នៃការអនុវត្តគម្រោង ICONE, ២). ពិនិត្យ និងអនុម័តសេចក្តីព្រាងផែនការ សកម្មភាពសម្រាប់ឆ្នាំ២០២៥, និង ៣). ទស្សនវិស័យសម្រាប់គម្រោង ICONE ដំណាក់កាលទី២ ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកជំទាវ ឯកឧត្តម លោក លោកស្រី ដែលជាតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធចំនួន ៧, តំណាងរដ្ឋបាលខេត្តសៀមរាប បន្ទាយមានជ័យ និងបាត់ដំបង, ស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា, ទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ), និងមន្ត្រីគម្រោង ICONE សរុបប្រមាណ ៣០ រូប ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តគោលដៅទាំង ៣ ក្នុងការសហការយ៉ាងជិតស្និតជាមួយក្រុមការងារគម្រោង ICONE ពិសេសអ្នកទទួលផល ដែលបានធ្វើឱ្យដំណើរការ នៃការអនុវត្តគម្រោងនេះប្រព្រឹត្តទៅបានយ៉ាងរលូន និងទទួលបានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ធៀបនឹងផែនការ ដែលបានកំណត់ ។ ក្នុងរយៈពេល ៣ឆ្នាំ នៃការអនុវត្ត, គម្រោង ICONE សម្រេចបានលទ្ធផលល្អប្រសើរ តាមរយៈ ការអភិវឌ្ឍ និងការពង្រឹងវិស័យសហគ្រិនភាព និងលើកកម្ពស់ភាពប្រកួតប្រជែងនៅកម្ពុជា ពិសេសក្នុងខេត្ត គោលដៅទាំង ៣ ។ កិច្ចប្រជុំលើកទី៤ នេះ ពិតជាមានសារៈសំខាន់ក្នុងការឆ្លុះបញ្ចាំងពីវឌ្ឍនភាព, បញ្ហាប្រឈមក្នុង ការអនុវត្តគម្រោងសម្រាប់ការវាយតម្លៃ និងតម្រឹមផែនការសកម្មភាពសម្រាប់អនុវត្តក្នុងដំណាក់កាលចុងក្រោយ ។ ទន្ទឹមនឹងនេះ អង្គប្រជុំក៍បានពិភាក្សា និងផ្តល់អនុសាសន៍សំខាន់ៗ រួមមាន៖ ១). ពិនិត្យលទ្ធភាពក្នុងការផ្សព្វផ្សាយ នូវឧត្តមានុវត្តនៃការអនុវត្តគម្រោងដល់ខេត្តដទៃ, ២). ធ្វើពិពិធកម្មសេដ្ឋកិច្ច នៅក្នុងខេត្តគោលដៅ ទាំង ៣, និង ៣). រំលេចឱ្យបានច្បាស់អំពីការសិក្សាលើទស្សនៈរបស់ភ្ញៀវទេសចរមុន និងក្រោយមកកម្ពុជា នៅក្នុងឯកសារ ស្រាវជ្រាវស្តីពីវិស័យទេសចរណ៍នៅកម្ពុជា ឆ្នាំ២០២៣ របស់ GIZ ICONE។ ទន្ទឹមនេះ អង្គប្រជុំក៏បានផ្តល់អនុសាសន៍លើផែនការសកម្មភាពសម្រាប់ ឆ្នាំ២០២៥ ដើម្បីជាធាតុចូលបន្ថែមក្នុងការតម្រង់ទិសដល់ការអនុវត្ត ផែនការសកម្មភាពនេះ ប្រកបដោយជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់ ហើយព្រមទាំងបានពិភាក្សាយ៉ាងផុសផុល លើទស្សនវិស័យសម្រាប់គម្រោង ICONE ដំណាក់កាលទី២ ។ ជាចុងបញ្ចប់ អង្គប្រជុំបានឯកភាពជាឯកច្ឆ័នលើ របាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ២០២៤ និងផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ របស់គម្រោង ICONE ។

គួររំឭកផងដែរថា ក្នុងកិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ កន្លងទៅ ដោយឃើញពីភាពចាំបាច់របស់គម្រោង ICONE ក្នុងការរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញកំណើន សេដ្ឋកិច្ចមូលដ្ឋាននៅកម្ពុជា, ភាគីអាល្លឺម៉ង់បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការបន្តកិច្ចសហប្រតិបត្តិការសម្រាប់ គម្រោង ICONE ដំណាក់កាលទី២ ៕

This event is not available in English
Other Events
Return to Old Website