ពិធីប្រកាសផ្លូវការផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា ឆ្នាំ២០២៥-២០២៩
[24-June-2025]

(ភ្នំពេញ)

នៅថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសអូស្រ្តាលីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្លូវការនូវ “ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា ឆ្នាំ២០២៥-២០២៩ (Australia-Cambodia Development Partnership Plan – DPP 2025-2029)​ ។

ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ឆ្នាំ២០២៥-២០២៩ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាដ៏មុតមាំ និងយូរអង្វែងរបស់អូស្ត្រាលីក្នុងការគាំទ្រដល់គោលដៅអភិវឌ្ឍរបស់កម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ - ដំណាក់កាលទី១ ។ ផ្អែកលើទំនាក់ទំនងទ្វេភាគីដ៏យូរអង្វែង និងភាពជឿជាក់, ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ មានគោលបំណងលើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន ចីរភាព និងមានភាពធន់ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ។ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ បានកំណត់គោលដៅយុទ្ធសាស្ត្រចំនួនបី ដែលនឹងតម្រង់ទិសកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់អូស្ត្រាលីជាមួយកម្ពុជាក្នុងរយៈពេលប្រាំឆ្នាំខាងមុខ រួមមាន៖ ១) ការពង្រឹងស្ថាប័ន ២) សេវាសាធារណៈប្រកបដោយបរិយាប័ន្ន និង ៣) សេដ្ឋកិច្ចដែលមានភាពធន់ និងចីរភាព ។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា វាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្ត្រាលី-កម្ពុជា ឆ្នាំ២០២៥-២០២៩ ។ គោលដៅយុទ្ធសាស្ត្រ ការតម្រឹមអាទិភាព និងអភិក្រមសម្រាប់ការអនុវត្តប្រកបដោយបរិយាប័ន្ន របស់ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អូស្ត្រាលី ក្នុងការចូលរួមគាំទ្រការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិរបស់កម្ពុជា ។

ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា​ “អូស្ត្រាលី និងកម្ពុជា មានភាពជាដៃគូដ៏យូរអង្វែង ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក និងមានអាទិភាពសម្រាប់កិច្ចអភិវឌ្ឍន៍រួមគ្នា ។ ខណៈដែលតម្រូវការនៃកិច្ចអភិវឌ្ឍន៍កម្ពុជាដែលមានការវិវត្តជាបន្តបន្ទាប់, កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងអូស្ត្រាលី-កម្ពុជា ក៏បានសម្របនូវអាទិភាពការគាំទ្រផងដែរ ។ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ ជាផែនទីបង្ហាញផ្លូវ សម្រាប់តម្រង់ទិសកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងរយៈពេលប្រាំឆ្នាំខាងមុខ តាមរយៈការរួមចំណែកគាំទ្រការលើកកម្ពស់កំណើនសេដ្ឋកិច្ចដែលមានភាពធន់, ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ, សន្តិសុខថាមពល និងទឹក, និងការលើកកម្ពស់គុណភាព ការគ្របដណ្តប់ និងលទ្ធភាពទទួលបានការថែទាំសុខភាព ព្រមទាំងការគាំពារសង្គម ។ ផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍ បានឆ្លុះបញ្ចាំងពីការបន្តប្តេជ្ញារបស់អូស្ត្រាលីចំពោះប្រជាជនកម្ពុជា និងដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ជារួម ។

អូស្រ្តាលី និងកម្ពុជា​នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី​ និងកម្ពុជា ដើម្បីកសាងអនាគតប្រកបដោយភាពធន់ វិបុលភាព និងបរិយាប័ន្ន ព្រមទាំងបន្តពង្រឹងទំនាក់ទំនងដ៏រឹងមាំរវាងប្រទេសទាំងពីរ ។

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងផែនការភាពជាដៃគូសម្រាប់ការអភិវឌ្ឍរវាងអូស្រ្តាលី និងកម្ពុជា សូមចូលទៅកាន់៖ Australia–Cambodia Development Partnership Plan 2025-2029 | Australian Government Department of Foreign Affairs and Trade

This event is not available in English
Other Events
Return to Old Website