First Regular Session 2024 of the Executive Board of UNFPA
[ថ្ងៃព្រហស្បតិ៍ ៧ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនិងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤]

(ទីក្រុងញូវយ៉ក)

ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសអនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមនៅក្នុងកិច្ចប្រជុំFirst Regular Session 2024 of the Executive Board of UNFPA នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក នៃសហរដ្ឋអាមេរិក ។ គោលដៅចម្បងនៃកិច្ចប្រជុំគឺ ដើម្បីពិភាក្សាអនុម័តឯកសារកម្មវិធីប្រចាំប្រទេសរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ឆ្នាំ២០២៤-២០២៨ (UNFPA Country Programme Document - CPD 2024-2028) សម្រាប់អនុវត្តនៅព្រះរាជាណាចក្រ-កម្ពុជា ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកជំទាវ ឯកឧត្តម ជាគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសសមាជិក, ប្រទេសសង្កេតការណ៍ និងគណៈកម្មាធិការប្រតិបត្តិ

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី បានចូលរួមថ្លែងការណ៍គាំទ្រជាផ្លូវការលើ ឯកសារកម្មវិធីប្រចាំប្រទេសរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ឆ្នាំ២០២៤-២០២៨ ដោយបានបង្ហាញអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលកម្ពុជា និងមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ។ ឯកឧត្តមទេសរដ្ឋមន្រ្តី បានមានប្រសាសន៍ថា ឯកសារកម្មវិធីប្រចាំប្រទេសខាងលើនេះត្រូវបានរៀបចំឡើង ផ្អែកលើធាតុចូលនៃកិច្ចប្រជុំពិភាក្សាជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល-កម្ពុជា ក៏ដូចជាតួអង្គអភិវឌ្ឍន៍ដទៃទៀត ។ ក្នុងន័យនេះ គោលដៅអាទិភាពនៃឯកសារកម្មវិធីមានសង្គតិភាពជាមួយនឹងគោលនយោបាយអភិវឌ្ឍន៍តាមវិស័យរបស់កម្ពុជា និងវិស័យអាទិភាពនៃក្របខ័ណ្ឌសហប្រតិបត្តិការអភិវឌ្ឍន៍ប្រកបដោយចីរភាព ឆ្នាំ២០២៤-២០២៨ (UNSDCF 2024-2028)ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា ខួបនៃឯកសារកម្មវិធីត្រូវបានតម្រឹមជាមួយអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដើម្បីឧត្តមប្រយោជន៍កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ពោលគឺគោលដៅអាទិភាពទាំងនេះនឹងឆ្លើយតបទៅនឹងវិស័យអាទិភាពរបស់កម្ពុជា ដែលបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ។ គោលដៅអាទិភាពរួមមាន ១) ការពង្រឹងស្ថាប័នថ្នាក់ជាតិ, ថ្នាក់ក្រោមជាតិ និងសហគមន៍ ក្នុងការផ្តល់សេវា និងពត៌មានប្រកបដោយគុណភាព; ២) ការលើកកម្ពស់សមភាពយេនឌ័រ និងការលុបបំបាត់អំពើរើសអើង និងអំពើហិង្សាគ្រប់ទម្រង់; ៣) ការលើកកម្ពស់សមត្ថភាពជំនាញ និងការបង្កើនឱកាសដល់យុវជន សម្រាប់អភិវឌ្ឍធនធានមនុស្ស និង ៤) ការពង្រឹងប្រព័ន្ធទិន្នន័យ ពិសេសពាក់ព័ន្ធនឹងប្រជារាស្ត្រសម្រាប់ការវិភាគ និងការរៀបចំគោលនយោបាយ ។

ជាកិច្ចបញ្ចប់ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះមូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ដែលបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រដល់ការអង្កេតប្រជារាស្ត្រ និងសុខភាពបន្តពូជនៅកម្ពុជា ។ មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជនគឺជាដៃគូអភិវឌ្ឍន៍ផ្នែកសុខាភិបាល កម្រិតបច្ចេកទេសមួយដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានស្នើសុំគណៈកម្មាធិការប្រតិបត្តិឱ្យពិចារណាអនុម័តឯកសារកម្មវិធីប្រចាំប្រទេសរបស់មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន ឆ្នាំ២០២៤-២០២៨ សម្រាប់អនុវត្តនៅព្រះរាជាណាចក្រកម្ពុជា

This event is not available in English
Other Events
Return to Old Website