(ភ្នំពេញ)
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖ នារសៀលថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ និង ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី អនុប្រធានទី ២ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ប្រសិទ្ធិពរជ័យ សិរីមង្គល អំណរឆ្នាំថ្មីនាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ព្រមទាំងបុគ្គលិក មន្ត្រីរាជការក្រោមឱវាទស្ថាប័នជាច្រើនរូប។
កម្មវិធីនេះ បានប្រារព្ធទៅតាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏ផូរផង់ ដោយមានការបូជាទៀនធូប ផ្កាភ្ញី គ្រឿងសក្ការៈនានា ថ្វាយព្រះរតនត្រៃ និងបាននិមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ពុទ្ធជ័យមង្គល ជាកិច្ចជូន ដំណើរឆ្នាំចាស់ និងទទួលអំណរសាទរឆ្នាំថ្មី ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ជាពិសេសត្រៀម ទទួលស្វាគមន៍ដំណើរចុះមកថែរក្សាមនុស្សលោករបស់ទេវធីតាឆ្នាំថ្មី ព្រះនាម មហោទរាទេវី ដែលនឹង យាងចុះមកនៅថ្ងៃសៅរ៍ ៥កើត ខែចេត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ២២:២៤នាទីយប់ ដើម្បីជាកិច្ចបំពេញកុសល និងបួងសួងសុំសេចក្តីសុខចម្រើន ជោគជ័យលើគ្រប់កិច្ចការងារ ចំពោះគ្រួសារក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទាំងមូល ក៏ដូចជាប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។
នៅក្នុងពិធីនេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ដឹកនាំ ក៏បានសាកសួរសុខទុក្ខ ជូនអំណោយ និងថវិកាឧបត្ថម្ភមួយចំនួនដល់បុគ្គលិករបស់ស្ថាប័ន ដើម្បីបានប្រារព្ធពិធីអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខផងដែរ៕