ជំនួបសម្ដែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកជំទាវបណ្ឌិត​  Bärbel Kofler រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់
[31-October-2024]

(ភ្នំពេញ)

នាថ្ងៃព្រហស្បតិ៍ ១៤​ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨​ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម ឈៀង​ យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស​ អនុប្រធានទី ២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានទទួលជំនួបសម្ដែងការគួរសម​ និងពិភាក្សាការងារជាមួយគណៈប្រតិភូអាល្លឺម៉ង់ ដឹកនាំដោយ លោកជំទាវបណ្ឌិតBärbel Kofler រដ្ឋលេខាធិការនៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ និងជាសមាជិកសភាអាល្លឺម៉ង់ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤​ និងមានការចូលរួមពី ឯកឧត្តម Stefan Anton Masserer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីជាន់ខ្ពស់នៃស្ថានទូតអាល្លឺម៉ង់ ។

គោលបំណងចម្បងនៃជំនួបនេះ គឺដើម្បីពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងកម្ពុជា និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់​ ជាពិសេសកិច្ចចរចារស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ រវាងរាជរដ្ឋាភិបាលប្រទេសទាំងពីរ នាពេលខាងមុខ,​ ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា, ទិសដៅគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា, អភិបាលកិច្ច និងសិទ្ធិមនុស្ស, ភាពជាដៃគូជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ក៏ដូចជាផ្លាស់ប្តូរយោបល់ និងបទពិសោធន៍ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនាពេលអនាគត ។​

ជាកិច្ចចាប់ផ្តើម ឯកឧត្ដមទេសរដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ លោកជំទាវបណ្ឌិត​ Bärbel Kofler ក្នុងការមកបំពេញទស្សនកិច្ចនៅកម្ពុជា និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដែលបានបន្តបេ្តជ្ញាផ្តល់ការគាំទ្រដល់កម្ពុជា​ និងចាត់ទុកកម្ពុជាជាដៃគូសំខាន់ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួន ជាពិសេសចំពោះសមិទ្ធផលដែលសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី​ ហើយសមិទ្ធផលទាំងនោះ គឺពិតជាបានរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់ដល់សង្គម-សេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា ។

ឯកឧត្ដមទេសរដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់អំពី យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១​ ក្រោមការដឹកនាំ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានបន្ដ និងកំពុងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព ដោយផ្តោតលើធនធានមនុស្ស ពិពិធកម្មសេដ្ឋកិច្ច កំណើនវិស័យឯកជន ការអភិវឌ្ឍប្រកបដោយចីរភាព និងវឌ្ឍនភាពសេដ្ឋកិច្ចឌីជីថល ។ បន្ថែមពីនេះ ឯកឧត្ដមទេសរដ្ឋមន្ដ្រីក៏បានបញ្ជាក់ជូនភាគីអាល្លឺម៉ង់ និងសង្កត់ធ្ងន់អំពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការប្តេជ្ញារក្សាការពារសិទ្ធិមនុស្ស និងសណ្តាប់ធ្នាប់សាធារណៈ​, ការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងការបោកប្រាស់តាមប្រព័ន្ធអ៊ីនធឺណេត, ការបន្ដលើកកម្ពស់ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយអង្គការក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលដើម្បីធានាឱ្យមានតម្លាភាព និងកិច្ចសន្ទនាក្នុងដំណើរការអភិវឌ្ឍន៍ជាតិ និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តការពារ និងពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គម ដែលជាកត្តាមូលដ្ឋាន និងមិនអាចខ្វះបានសម្រាប់ការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។

ជំនួបសម្ដែងការគួរសមបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្នុងស្មារតីបន្តលើកកម្ពស់មិត្តភាព និងទំនាក់ទំនង ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូស្មើភាព ព្រមទាំងបានពិភាក្សាលើបញ្ហានានាដែលពាក់ព័ន្ធទាំងទិដ្ឋភាពនយោបាយ និងទិដ្ឋភាពច្ចេកទេស ផងដែរ ។

ចុងបញ្ចប់នៃជំនួបសម្ដែងការគួរសមនេះ, ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហ-ប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគី ។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធាន ទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ ដែលបានបន្តរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជា ។

This event is not available in English
Other Events
Return to Old Website