(ភ្នំពេញ)
នារសៀលថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម រ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការ សហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) និងលោក NAGASE Kensuke អនុប្រធានបេសកកម្មស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា បានធ្វើជាសហប្រធានដឹកនាំសិក្ខាសាលាស្ដីពីការធ្វើអងេ្កតលើគម្រោងស្នើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន (Japan’s ODA Request Survey) សម្រាប់ឆ្នាំសារពើពន្ធ ២០២៦ ។ សិក្ខាសាលានេះមានការចូលរួមពី លោក SANUI Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ប្រចាំកម្ពុជា អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា និងមានការចូលរួមពីឯកឧត្តម លោកជំទាវ ដែលជាតំណាងជាន់ខ្ពស់ក្រសួង/ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ។ សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយពីគោលនយោបាយស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជប៉ុនសម្រាប់កម្ពុជា, កម្មវិធីផ្តល់ហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុននិងនីតិវិធីនៃការស្នើសុំគម្រោងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការជប៉ុន ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តមអគ្គលេខាធិការ បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូជប៉ុន និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលជប៉ុន ដែលតែងតែជួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេសតាមរយៈការផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ដល់កម្ពុជា ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអគ្គលេខាធិការ ក៏បានក្រើនរំលឹកដល់តំណាងអន្តរក្រសួងឱ្យរៀបចំសំណើគម្រោង ដែលស្ថិតក្នុងវិស័យអាទិភាពរបស់ខ្លួន និងតម្រឹមជាមួយ ផែនការយុទ្ធសាស្រ្តតាមវិស័យ និងគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលជប៉ុន ដើម្បីធានាបានការរៀបចំគម្រោងប្រកបដោយប្រសិទ្ធភាព ។
ជាកិច្ចឆ្លើយតប លោក NAGASE Kensuke បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងវឌ្ឍនភាពសម្រេចបានក្នុងកិច្ចអភិវឌ្ឍន៍កម្ពុជា ។ លោក NAGASE Kensuke ក៏បានជម្រាបជូនអំពីលទ្ធផលនៃការធ្វើអង្កេតគម្រោងឆ្នាំ២០២៥ និងឯកសារស្ដីពីការវិភាគស្ថានភាពប្រទេស (JICA Analysis Paper) ដែលទើបតែត្រូវបានអនុម័តដោយទីភ្នាក់ងារ JICA នាពេលថ្មីៗនេះ ។ បន្ថែមលើនេះ តំណាងជាន់ខ្ពស់ស្ថានទូតជប៉ុនប្រចាំកម្ពុជា, ទីភ្នាក់ងារ JICA ប្រចាំកម្ពុជា និងមន្ត្រីបង្គោលរបស់ គ.ស.អ.ក/ក.អ.ក ក៏បានធ្វើបទបង្ហាញជាបន្តបន្ទាប់ដែលផ្តោតលើវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់រដ្ឋាភិបាលជប៉ុនសម្រាប់កម្ពុជា និងបទបង្ហាញស្តីពីនីតិវិធី និងយន្តការនៃការរៀបចំសំណើគម្រោងស្នើសុំហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់ក្រសួង/ស្ថាប័នកម្ពុជាទៅកាន់រដ្ឋាភិបាលជប៉ុន ។
ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការ និងការគាំទ្ររបស់រដ្ឋាភិបាលជប៉ុនកន្លងមក និងវាយតម្លៃខ្ពស់ចំពោះការចូលរួមពីតំណាងក្រសួង/ស្ថាប័ននៃ រាជរដ្ឋាភិបាល ដែលធ្វើឱ្យដំណើរការនៃសិក្ខាសាលានេះប្រកបដោយជោគជ័យ និងលទ្ធផលផ្លែផ្កា ៕