វគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ (Cambodia ODA Database) ដល់មន្ត្រីបង្គោលរបស់ដៃគូអភិវឌ្ឍន៏
[ថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣]

(សៀមរាប)

នាថ្ងៃអង្គារ-ពុធ ៧-៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩-២០ ខែធ្នូ ឆ្នាំ២០២៣ នៅសណ្ធាគារ អង្គរប៉ារាឌី ខេត្តសៀមរាប, គណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) សហការជាមួយក្រុមប្រឹក្សាជាតិអភិវឌ្ឍន៏ដោយចីរភាព​ (ក.ជ.អ.ច) នៃក្រសួងបរិស្ថាន បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ​​ (Cambodia ODA Database) ដល់មន្ត្រីបង្គោលរបស់ដៃគូអភិវឌ្ឍន៏ ។ វគ្គបណ្តុះបណ្តាលបានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្ដម រ៉ិត វុទ្ធី អគ្គលេខាធិការ គ.ស.អ.ក/ក.អ.ក ហើយមានការអញ្ជើញចូលរួមពីតំណាងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថាន ក្រសួងកិច្ចការនារី និងមន្ត្រីបង្គោលដៃគូអភិវឌ្ឍន៍ សរុប​​ប្រមាណ ៥០រូប ។ គោលដៅចម្បងនៃវគ្គបណ្តុះបណ្តាលគឺ​៖

) ចែករំលែកអំពីព័ត៌មាននៃការធ្វើអង្កេតស្តីពីភាពជាដៃគូសកល សម្រាប់ប្រសិទ្ធភាពនៃកិច្ចសហ

ប្រតិបត្តិការអភិវឌ្ឍន៍ ឆ្នាំ២០២៤

) ផ្តល់ការណែនាំអំពីមូលដ្ឋាន និងវិធីសាស្រ្តសម្រាប់កត់ត្រាទិន្នន័យហិរញ្ញប្បទានក្នុងវិស័យ

ប្រែប្រួលអាកាសធាតុ

៣) ផ្តល់ការណែនាំអំពីមុខងារសំខាន់ៗថ្មីក្នុងប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ

សម្រាប់ជាមូលដ្ឋានក្នុងការកត់ត្រាទិន្នន័យរបស់មន្ត្រីបង្គោលខាងដៃគូអភិវឌ្ឍន៍

វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំជាទៀងទាត់ដើម្បីធានាគុណភាព និងប្រសិទ្ធភាពនៃការកត់ត្រាទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការ ដែលឆ្លើយតបទៅនឹងការផ្លាស់ប្តូររបត់នៃនិម្មាបនកម្មកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍​ទាំងកម្រិតជាតិ និងសកល

ប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ ជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការតាមដានរំហូរនៃការបើកផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការរបស់ដៃគូអភិវឌ្ឍន៍ និងវឌ្ឍនភាពនៃស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍ សំដៅរួមចំណែកដល់ការអនុវត្តរបៀបវារៈគោលនយោបាយអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច ដូចមានចែងក្នុង ‹យុទ្ធសាស្រ្តបញ្ចកោណ - ដំណាក់កាលទី ១›។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម រ៉ិត វុទ្ធី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងស្មារតីភាពជាដៃគូ នាពេលកន្លងមក ។ ជាមួយគ្នានេះ, ឯកឧត្តម បានគូសបញ្ជាក់ពីសាវតារ និងគោលដៅចម្បងនៃសិក្ខាសាលា​ ថាគឺជាការចែករំលែកព័ត៌មានថ្មីៗក្នុងប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការសម្រាប់ជាមូលដ្ឋានក្នុងការកត់ត្រាទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងប្រើប្រាស់សម្រាប់​កិច្ចពិគ្រោះយោបល់ និងការវិភាគគោលនយោបាយនានា ពិសេសការធ្វើអង្កេតតាមដានស្តីពីភាពជាដៃគូសកល នាឆ្នាំ២០២៤ ។ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ (UNDP), មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) និងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពតាមរយៈគម្រោងរបស់សម្ព័ន្ធប្រែប្រួលអាសកាសធាតុដំណាក់កាលទី៣ (CCCA3) ដែលបានគាំទ្រសិក្ខាសាលានេះ ។

គួរកត់សម្គាល់ផងដែរថា, គ.ស.អ.ក/ក.អ.ក នឹងដឹកនាំការធ្វើអង្កេតតាមដាន ជុំទី ៤ ស្តីពីភាពជាដៃគូសកលនាឆ្នាំ ២០២៤ 4th Global Monitoring Round។ ការអង្កេត បង្ហាញពីការប្តេជ្ញារួមគ្នារវាងប្រទេសជាដៃគូអភិវឌ្ឍន៍ និងតួអង្គពាក់ព័ន្ធដទៃទៀត ដើម្បីវាស់វែងពីវឌ្ឍនភាពនៃការអនុវត្តស័ក្តិសិទ្ធិភាពក្នុងកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ។ លំហាត់នេះ នឹងប្រើប្រាស់ទិន្នន័យជាតិភាគច្រើនក្នុងប្រព័ន្ធទិន្នន័យកម្ពុជាស្តីពីហិរញ្ញប្បទានសហប្រតិបត្តិការ សម្រាប់វាស់វែងសូចនាករតាមដាននីមួយៗ ។

ក្នុងសន្ទរកថាបិទវគ្គបណ្តុះបណ្តាល, ឯកឧត្ដម រ៉ិត វុទ្ធី អគ្គលេខាធិការ គ.ស.អ.ក/ក.អ.ក បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្ម ពីតំណាងក្រសួង និងស្ថាប័នរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់។ លើសពីនេះ, ឯកឧត្ដម​ បានបង្ហាញពីជំនឿយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលនេះនឹងចូលរួមចំណែកក្នុងការពង្រឹងគុណភាពនៃប្រព័ន្ធទិន្នន័យហិរញ្ញប្បទានសហប្រតិបត្តិការ ដែលជាមូលដ្ឋានចាំបាច់សម្រាប់ការធ្វើអង្កេតតាមដានស្តីពីភាពជាដៃគូសកល នាពេលខាងមុខ និងរបាយការណ៍ស្តីពីប្រសិទ្ធភាពកិច្ចសហការអភិវឌ្ឍន៍ និងភាពជាដៃគូនៅកម្ពុជា។ ជាកិច្ចបញ្ចប់, ឯកឧត្ដម បានថ្លែងអំណរគុណសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលដ៏មានតម្លៃចូលរួមវគ្គបណ្តុះបណ្តាល និងជូនពរសុខសុវត្ថិភាព និងការទទួលជោគជ័យគ្រប់ភារកិច្ចការងារ​

This event is not available in English
Other Events
Return to Old Website