(ភ្នំពេញ)
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦ រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកជំទាវ ផាណា វ៉ឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានដឹកនាំមន្ត្រីជំនាញចូលរួមចែករំលែកបទពិសោធន៍និងនីតិវិធីនៃការស្នើសុំគម្រោងហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន និងសាធារណរដ្ឋកូរ៉េក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “វិធីសាស្ត្រក្នុងការសរសេរសំណើគម្រោង” នៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ។ វគ្គបណ្ដុះបណ្ដាលមានគោលបំណង ដើម្បីលើកកម្ពស់ចំណេះដឹងដល់សិក្ខាកាមឱ្យកាន់តែមានសមត្ថភាពក្នុងការសរសេរសំណើរគម្រោងប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់ តាមរយៈការចែករំលែកនូវចំណេះដឹង ជំនាញ និងបទពិសោធន៍ពាក់ព័ន្ធនឹងទម្រង់បែបបទ នីតិវិធី និងវិធីសាស្ត្រនៃការសរសេរសំណើគម្រោង ឱ្យមានភាពត្រឹមត្រូវស្របតាមស្តង់ដានិងគុណភាព។ សិក្ខាសាលានេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ត្រីសាធារណការ និងមានវាគ្មិនដែលជាតំណាងពីទីភ្នាក់ងារ JICA និងតំណាងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។