(ភ្នំពេញ)
នាព្រឹកថ្ងៃសុក្រ ៥ កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក), លោកជំទាវ ផាណា វុឺនីដា អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃ ក.អ.ក តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី២នៃ ក.អ.ក បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ប្រទេសអូស្ត្រាលីសម្រាប់ឆ្នាំ២០២៥ ចូលជួបសម្ដែងការគួរសម។
ជាកិច្ចចាប់ផ្តើម លោកជំទាវអគ្គលេខាធិការរង បានស្វាគមន៍យ៉ាងកក់ក្តៅនិងអបអរសាទរដល់និស្សិតជ័យលាភីអាហារូបករណ៍អូស្ត្រាលី ដែលនឹងត្រូវបន្តការសិក្សាថ្នាក់បណ្ឌិត និងអនុបណ្ឌិតនៅប្រទេសអូស្ត្រាលី ។ លោកជំទាវអគ្គលេខាធិការរង បានផ្តល់អនុសាសន៍ដល់និស្សិតជ័យលាភីអាហារូបករណ៍ឲ្យខិតខំ ព្យាយាមរៀនសូត្រដើម្បីក្លាយខ្លួនជាអ្នកបន្តវេនដ៏សំខាន់សម្រាប់កិច្ចអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចជាតិ, ព្រមទាំងលើកទឹកចិត្តដល់និស្សិតគ្រប់រូបចូលរួមលើកស្ទួយកិត្តិយស និងវប្បធម៌ដ៏ផូរផង់កម្ពុជានៅឆាកអន្តរជាតិ, រក្សាសាមគ្គីភាព, និងជូនពរនិស្សិតជ័យលាភីអាហារូបករណ៍គ្រប់រូបទទួលបានជោគជ័យក្នុងការសិក្សា និងត្រឡប់មកវិញចូលរួមចំណែកកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើនរុងរឿង។
គួរបញ្ជាក់ផងដែរថា ឆ្នាំនេះជាឆ្នាំគម្រប់ខួបទី៣០ នៃកម្មវិធីអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា រហូតមកដល់ពេលនេះមាននិស្សិតជាង១ពាន់រូប ដែលមានស្ត្រីជាង៤៣០រូប ទទួលបានអាហារូបករណ៍នេះ។ និស្សិតកម្ពុជាដែលបានទទួលអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលីប្រចាំឆ្នាំ២០២៥ មានចំនួន៦២រូបមកពីស្ថាប័នរដ្ឋ វិស័យឯកជន និងអង្គការក្រៅរដ្ឋាភិបាល បែងចែកជា ២ក្រុម ដោយក្នុងនោះ ក្រុមទី១មានចំនួន ៣៨រូប និងក្រុមទី២មានចំនួន២៤រូប។