កិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើការត្រៀមរៀបចំកិច្ចសន្ទនាប្រចាំ ឆ្នាំ២០២៥ រវាង សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា
[26-November-2025]

(ភ្នំពេញ)

នាព្រឹកថ្ងៃពុធ ៦កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម​ រ៉ិត វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក./ក.អ.ក.) បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សាលើការត្រៀមរៀបចំកិច្ចសន្ទនាប្រចាំ ឆ្នាំ២០២៥ រវាង សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ជាមួយប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អមដោយមន្រ្តីជំនាញទទួលបន្ទុកកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធអង្គការសហប្រជាជាតិ មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងមហាផ្ទៃ, ក្រសួងផែនការ, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងបរិស្ថាន, ក្រសួងពាណិជ្ជកម្ម, ធនាគារជាតិនៃកម្ពុជា, វិទ្យាស្ថានជាតិស្ថិតិ សរុបប្រមាណ ៤០រូប ។ គោលដៅចម្បងនៃកិច្ចប្រជុំគឺ ពិភាក្សាលើប្រធានបទ ដែលបានស្នើដោយប្រព័ន្ធអង្គការសហប្រជាជាតិ សម្រាប់កិច្ចសន្ទនាខាងលើ ។

គួរបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា និងប្រព័ន្ធអង្គការសហប្រជាជាតិប្រចាំកម្ពុជា តែងសហការរៀបចំជំនួបសវនាការប្រចាំឆ្នាំ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្ដេចនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យលើការរួមចំណែករបស់អង្គការសហប្រជាជាតិក្នុងការសម្រេចលទ្ធផលនៃកិច្ចអភិវឌ្ឍជាតិ និងពិភាក្សាបញ្ហាជាអាទិភាពដើម្បីពន្លឿនវឌ្ឍនភាពក្នុងការសម្រេច គោលដៅអភិវឌ្ឍន៍ដោយចីរភាពនៅកម្ពុជា (គ.អ.ច.ក.) ។ កាលពីខែមិថុនា ឆ្នាំ២០២៤ កិច្ចសន្ទនានេះត្រូវបានរៀបចំឡើង ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតិនាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកយកនូវប្រធានបទចំនួន ២ សម្រាប់ពិភាក្សា គឺ៖​ ១​- ជំរុញការអភិវឌ្ឍធនធានមនុស្សតាម​​រយៈការអប់រំ; និង២- ពន្លឿនការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារសម្រាប់យុវជន ។

ជាកិច្ចបញ្ចប់ ឯកឧត្តមអគ្គលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មក្នុងការផ្តល់មតិយោបល់ និងធាតុចូល ក៏ដូចជាបានសហការដ៏ជិតស្និតរវាងក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ។ កិច្ចប្រជុំអន្តរក្រសួងបានពិភាក្សា និងឯកភាពលើឯកសារទស្សនទានដែលបានរំលេចអំពី មូលបទ ប្រធានបទ របៀបដំណើរការ កាលបរិច្ឆេទ និងរបៀបវារៈ នៃជំនួបប្រចាំឆ្នាំនេះក៏ដូចជាការបែងចែកភារកិច្ចទទួលខុសត្រូវរបស់ក្រសួង ស្ថាប័ន។

This event is not available in English
Other Events
Return to Old Website