(ភ្នំពេញ)
នារសៀលថ្ងៃអង្គារ ១៤រោច ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ជូ ហេង អគ្គលេខាធិការរងគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក)និងជាអ្នកសម្របសម្រួលជាតិនៃមហាអនុតំបន់មេគង្គ (Greater Mekong Subregion) បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់កម្មវិធីកិច្ចសហប្រតិបត្តិការនៃមហាអនុតំបន់មេគង្គ ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល និងតំណាងបណ្ដាញពុទ្ធិ សរុបប្រមាណ៧០រូប ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ បូកសរុប និងវាយតម្លៃលទ្ធផលការងារដែលបានសម្រេចបានក្នុងឆ្នាំ២០២៥ ព្រមទាំងកំណត់ទិសដៅ និងអាទិភាពការងារសម្រាប់អនុវត្តបន្តនៅឆ្នាំ២០២៦ ឱ្យកាន់តែមានប្រសិទ្ធភាព សក្តិសិទ្ធភាព និងសមស្របតាមតម្រូវការនៃការអភិវឌ្ឍក្នុងក្របខ័ណ្ឌ GMS ។